









រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ” នៅសណ្ឋាគារ Oakwood Premier Hotel ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Jung Seongho សហប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលកូរ៉េ-កម្ពុជា (DGCC) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ និងវិស័យឯកជន ប្រមាណ ១៣០រូប។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា សិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ” នាពេលនេះ គឺជាការផ្តល់ឱកាសដល់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមចំណែកជាមួយ ក.ប.ទ. ក្នុងការគិតគូររៀបចំតាក់តែងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការធ្វើអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហ សំដៅលើកកម្ពស់ការចែករំលែកទិន្នន័យឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាពសុក្រឹត្យ ឬប្រើប្រាស់មិនចំគោលដៅ ប៉ុន្តែទិន្នន័យគឺជាប្រភពធនធានមាសសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិនបើយើងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។