ទីក្រុង Cambridge សហរដ្ឋអាមេរិក៖ នៅថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ Harvard និងបានធ្វើបទបង្ហាញអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាចំណែកមួយដ៏សំខាន់នៃការបង្ហាញអំពីការកសាងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានចែករំលែកអំពីកាអភិវឌ្ឍនិងការប្រើប្រាស់ថ្នាល verify.gov.kh ដែលមានបំពាក់បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយសុវត្ថិភាព និងជំនឿទុកចិត្ត ក្នុងការផ្ទៀងផ្ទាត់ឯកសារផ្លូវការ និងជំរុញការជឿទុកចិត្តលើការផ្ដល់សេវាសាធារណៈ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានជួបជាមួយថ្នាក់ដឹកនាំ អ្នកបច្ចេកវិទ្យា សាស្ត្រាចារ្យ និងនិស្សិត ដើម្បីចែករំលែកអំពីគំរូជាក់ស្តែងរបស់ប្រទេសកម្ពុជា សម្រាប់ការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈឌីជីថលប្រកបដោយសុវត្ថិភាព និងអន្តរប្រតិបត្តិការបានដោយភាពជោគជ័យនៅក្នុងរយៈពេលខ្លី។ កម្ពុជាកំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូអន្តរជាតិ ដើម្បីពង្រីកលទ្ធភាព និងសក្ដានុពលនៃការប្រេីប្រាស់ថ្នាលសម្រាប់វិស័យឯកជន។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា បានជួបជាមួយលោកបណ្ឌិត Joshua McIntosh អភិបាលប្រតិបត្តិនៃ Harvard Kennedy School (HKS) ដើម្បីសិក្សាលទ្ធភាពកិច្ចសហប្រតិបត្តិការ និងដាក់ថ្នាល verify.gov.kh ជាករណីសិក្សា (Case Study) សម្រាប់បង្រៀននៅ HKS។ បន្ថែមពីលើការសហការជាមួយ HKS គណៈប្រតិភូកកម្ពុជាក៏បានជួបជាមួយលោក Jason Freeman ដែលជានាយកប្រតិបត្តិនៃ Cone Technologies លោក Abhishek Suryawanshi ប្រធានសមាគម HSSPA និងលោកបណ្ឌិត Vesall Nourani មកពី Harvard Graduate School of Education ផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការរៀបចំស្តង់ដារដ្ឋាភិបាលឌីជីថល និងការកសាងសមត្ថភាព ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

សូមជម្រាបជូនថា ថ្នាល verify.gov.kh ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីខែមករា ឆ្នាំ២០២៣ ដែលបច្ចុប្បន្នត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុង ២៤ក្រសួងស្ថាប័ន គ្របដណ្តប់ ១០០ភាគរយ នៃសាកលវិទ្យាល័យសាធារណៈ និងជាង ៧០ភាគរយ នៃសាកលវិទ្យាល័យឯកជន។ គិតត្រឹមពេលនេះ ថ្នាល verify.gov.kh ត្រូវបានដាក់នៅលើឯកសារឌីជីថល ដើម្បីផ្ទៀងផ្ទាត់ជាង ២លាន ឯកសាររួចមកហើយនៅព្រះរាជាណាចក្រកម្ពុជា និងជាង ១២០លាន ឯកសារនៅប្រទេសហ្វីលីពីន និងបានក្លាយជាថ្នាល់កម្រិតពិភពលោកមួយដែលអាចទុកចិត្តបាន និងមាននវានុវត្តន៍ក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។ ការទទួលស្គាល់ជាសកលរបស់ថ្នាល verify.gov.kh រួមមាន ពានរង្វាន់ ASEAN Digital Award 2024, ITU Global Innovation Awards 2024 និងការទទួលស្គាល់នៅកិច្ចប្រជុំ Global DPI Summit 2024។ គួរកត់សម្គាល់ថាថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់ដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme - UNDP) ថាជាសសរស្តម្ភទី៤បន្ថែមលើសសរស្តម្ភទាំង៣ នៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល រួមមានអត្តសញ្ញាណឌីជីថល ការផ្លាស់ប្តូរទិន្នន័យ និងការទូទាត់ទឹកប្រាក់តាមប្រព័ន្ធឌីជីថល។ ឯកឧត្តម ជា សេរីវឌ្ឍ បានចែករំលែកនូវសមិទ្ធិផលសំខាន់ៗ នៃថ្នាល verify.gov.kh ដែលបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា រួចបានពង្រីកខ្លួនទៅកាន់ប្រទេសឡាវ ហ្វីលីពីន និងទីម័រខាងកើត នៅក្នុងព្រឹត្តិការណ៍ 50-ក្នុង-5 នៅអំឡុងពេល UN Week នៅទីក្រុងញូវយ៉ក មុនពេលមកទស្សនកិច្ចនៅសាកលវិទ្យាល័យ Harvard នេះ។